ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំពាក់អាវផាយដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ជំនាន់ទី១០ សរុបចំនួន ៥៥ រូប

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំពាក់អាវផាយដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ជំនាន់ទី១០ សរុបចំនួន ៥៥ រូប
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅរសៀលថ្ងៃសុក្រ ១២ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមុិញ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំពាក់អាវផាយដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ជំនាន់ទី១០ សរុបចំនួន ៥៥ រូប មុននឹងទៅបម្រើការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តនានា។ ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សាទាំង ៥៥ រូប នេះ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងឱ្យទៅបម្រើការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទាំង ២៤ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៤៦ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ និងបានធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីនេះ,បានអបអរសាទរដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ទាំង ៥៥ រូប ដែលនឹងចូលបំពេញការងារក្នុងវិជ្ជាជីវៈជាចៅក្រម ឬព្រះរាជអាជ្ញា ដែលវិជ្ជាជីវៈនេះគឺជាវិជ្ជាជីវៈដ៏ឧត្តុង្គឧត្តម និងប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ ប៉ុន្តែ ផ្សាភ្ជាប់ជាមួយនឹងការទទួលខុសត្រូវចំពោះជាតិ និងប្រជាជនផ្ទាល់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឆ្លៀតក្នុងឱកាសនេះ, ក៏បានគូសបញ្ជាក់ជូនចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សានូវទិសដៅការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលនឹងត្រូវដាក់ឱ្យអនុវត្តនាពេលខាងមុខដោយក្រសួងយុត្តិធម៌ ផ្អែកតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផ្អែកតាមការប្រគល់ភារកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះទី៥ ដែលបានដាក់ចេញដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទន្ទឹមនេះ ក៏បានធ្វើការផ្តាំផ្ញើ និងផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ក៏ដូចជា គោលការណ៍ការងារមួយចំនួន ដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សាទាំង ៥៥ រូប ត្រូវប្រកាន់យកនៅពេលទៅបំពេញការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរៀងៗខ្លួន ដូចខាងក្រោម៖

ទី១-អភិក្រមការងារដែលត្រូវប្រកាន់យកក្នុងការអនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺ “អ្នកមានសមត្ថភាព ត្រូវបំពាក់សមត្ថកិច្ច! អ្នកមានសមត្ថកិច្ច ត្រូវបំពាក់សមត្ថភាព” មានន័យថា អ្នកដែលមានសមត្ថភាព និងមានឆន្ទៈពិតប្រាកដក្នុងការបំពេញការងារ និងចង់បម្រើជាតិ និងប្រជាជន នឹងត្រូវផ្តល់ឱកាស ដើម្បីចូលរួមចំណែកក្នុងការបម្រើជាតិ និងប្រជាជន។ ដោយឡែក អ្នកដែលកំពុងមានឱកាស ឬតួនាទីក្នុងដៃហើយ ត្រូវតែខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យតាមទាន់នូវការវិវត្តដ៏ឆាប់រហ័សរបស់សង្គមជាតិ។

ទី២-ត្រូវមានឥស្សរភាពក្នុងការបំពេញការងាររបស់ខ្លួន ដោយត្រូវគោរព, ឱ្យតម្លៃ និងផ្តល់កិច្ចសហការល្អដល់សហការីនៅក្នុងអង្គភាពរបស់ខ្លួន ក៏ដូចជា មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតដែលមានការពាក់ព័ន្ធ។ ទន្ទឹមនេះ, ត្រូវប្រើប្រាស់នូវចំណេះដឹង, សមត្ថភាព និងទេពកោសល្យរបស់ខ្លួនក្នុងការធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តតួនាទីរបស់ខ្លួន ដើម្បីសម្រេចឱ្យបាននូវលទ្ធផលការងារ។

ទី៣-ក្នុងការអនុវត្តច្បាប់ និងក្នុងការអនុវត្តការងាររបស់ខ្លួន, ត្រូវប្រកាន់យកឱ្យបានជាដាច់ខាតនូវភាពត្រឹមត្រូវ និងសច្ចធម៌ ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គឺ “នៅចំពោះមុខចៅក្រម គឺនិយាយពីច្បាប់! នៅចំពោះមុខច្បាប់ គឺនិយាយពីយុត្តិធម៌! នៅចំពោះមុខយុត្តិធម៌ គឺនិយាយពីភាពត្រឹមត្រូវ! នៅចំពោះមុខភាពត្រឹមត្រូវ គឺនិយាយពីសច្ចធម៌!”។

ទី៤-ត្រូវខិតខំសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឱ្យក្លាយជាមន្ត្រីយុត្តិធម៌គំរូ និងគួរឱ្យគោរព ដោយត្រូវរក្សាឱ្យបាននូវភាពមិនលម្អៀង ដោយវៀរចាកនូវអគតិធម៌ទាំង ៤ បទ គឺ “ឆន្ទាគតិ, ទោសាគតិ, ភយាគតិ និងមោហាគតិ” ហើយត្រូវប្រកាន់យកនូវសុគតិធម៌ទាំង ៥ គឺ “វិរិយសម្បយុត្ត, សុចរិតយុត្តិធម៌, បញ្ញត្តិគារវោ, សមទណ្ឌោ និងបញ្ញាវុធវិនិច្ឆ័យ” នៅពេលបំពេញការងារ។

ទី៥-ក្នុងការបំពេញកិច្ចនីតិវិធី, ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញកិច្ចនីតិវិធីឱ្យបានល្អ ជាពិសេស ត្រូវតាក់តែងសាលក្រម ឬដីកា ឱ្យងាយយល់, ត្រឹមត្រូវតាមក្បួនខ្នាត និងត្រូវមានសំអាងហេតុ និងសំអាងច្បាប់ ច្បាស់លាស់ គ្រប់គ្រាន់ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ព្រោះថាសាលក្រមទាំងអស់ដែលចេញរួចនឹងអាចត្រូវបានយកទៅផ្សព្វផ្សាយជាសាធារណៈ ហើយនឹងត្រូវយកទៅធ្វើជាគំរូសម្រាប់អ្នកជំនាន់ក្រោយគួររៀនសូត្រតាម ឬគួរជៀសវាង។

ទី៦-ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ និងក្នុងនាមជាមន្ត្រីយុត្តិធម៌, ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌ ដើម្បីលើកកម្ពស់កិត្តិយសរបស់អង្គភាពខ្លួន និងជាកិត្តិយសរបស់ខ្លួនផ្ទាល់ និងត្រូវធ្វើខ្លួនជាសេនាការពារ ដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ